សំឡេងលាន់ឮអម្បាញ់មិញនេះគឺជាការសាកល្បងនៃការបញ្ជាយានយន្ដមួយគ្រឿងដែលប្រើដោយថាមពលពន្លឺព្រះអាទិត្យនិងកែច្នៃប្រឌិតឡើងជាលើកដំបូងបង្អស់នៅក្នុងប្រទេសដោយអតីតគ្រូបង្រៀនផ្នែកគណិតវិទ្យានិងរូបវិទ្យាមួយរូបនៅខេត្តកំពង់ឆ្នាំង។ លោកគ្រូរូបនោះមានឈ្មោះថា គង់ ផារិទ្ធ មានដើមកំណើតនៅខេត្តកំពង់ឆ្នាំងផងដែរ។
ចំពោះគំនិតផ្តួចផ្ដើមធ្វើការកែច្នៃយានយន្តនេះ លោក គង់ ផារិទ្ធ បច្ចុប្បន្នជាប្រធានអង្គការអ្នកកសាងសមត្ថភាព និងជាប្រធានគម្រោងមជ្ឈមណ្ឌលវៃឆ្លាត ដែលមានទីតាំងនៅទីក្រុងភ្នំពេញ បានឲ្យដឹងថា មុននឹងអាចដំឡើងជារថយន្ដកែច្នៃនេះគឺលោកបានចំណាយពេលវេលាប្រមាណកន្លះឆ្នាំក្នុងការស្រាវជ្រាវរូបមន្ត គឺក្រោយពីបានធ្វើការស្រាវជ្រាវផ្នែកច្នៃប្រឌិតកង់សម្រាប់ជិះដែលប្រើប្រាស់ដោយពន្លឺព្រះអាទិត្យកាលពីប៉ុន្មានឆ្នាំមុនប្រកបដោយជោគជ័យនោះមក។
លោកបានបន្តថា សម្រាប់រថយន្ដដែលប្រើដោយថាមពលព្រះអាទិត្យនេះ គឺលោកបានយកគ្រឿងចាស់ៗដែលមានស្រាប់នៅក្នុងស្រុកមកផ្សំដំឡើងឲ្យចេញជារូបរាងហើយទើបបំពាក់ឧបករណ៍បន្ថែមដែលមានកញ្ចក់ស្រូបពន្លឺព្រះអាទិត្យ អាគុយ និងម៉ូទ័រ ជាដើម។
លោក គង់ ផារិទ្ធ បានឲ្យដឹងថា ៖ «ប្រព័ន្ធបញ្ជាម៉ូទ័រយឺតលឿនហ្នឹង បើសិនជាយើងអត់ចេះបញ្ជា កាលណាយើងឲ្យម៉ូទ័រយឺត វាខ្សោយ ភ្លើងចូលអត់គ្រប់វាខ្សោយ ខ្សោយវាអូសឡានអត់រួចទេ តែដល់ពេលយើងស្រាវជ្រាវទៅ ប្រើ PMW។ PMWហ្នឹង… គេប្រើរលកទៅបញ្ជាម៉ូទ័រវិញ ដើម្បីឲ្យម៉ូទ័រយឺតលឿនបាន ហើយម៉ូទ័រនៅខ្លាំងដដែល។ មានការសាកល្បងច្រើនលើកច្រើនសាណាស់ក្នុងការស្រាវជ្រាវធ្វើហ្នឹង»។
លោក គង់ ផារិទ្ធ បានបញ្ជាក់ទៀតដែរថា រថយន្ដនោះគឺអាចផ្ទុកមនុស្សបានពី២នាក់ទៅ៤នាក់ និងមានល្បឿនពី៣០ទៅ៣៥គីឡូម៉ែត្រក្នុងមួយម៉ោង មានទម្ងន់៧៥០គីឡូក្រាម ហើយមានកម្លាំងថាមពលដែលស្រូបពន្លឺព្រះអាទិត្យចំនួនពី២០០០វ៉ាត់ទៅ២៤៣០វ៉ាត់ក្នុងមួយថ្ងៃ ហើយអាចបើកបានចម្ងាយផ្លូវពី៣០-៤០គីឡូម៉ែត្រក្នុងមួយថ្ងៃ។
លោកបានឲ្យដឹងទៀតថា ប្រសិនបើថ្ងៃណាមិនមានពន្លឺព្រះអាទិត្យទេឬមួយគេចង់បើកឲ្យបានចម្ងាយផ្លូវឆ្ងាយលើសពីនេះ គឺគេអាចសាកភ្លើងចរន្ដអគ្គិសនី ពីព្រោះនៅក្នុងរថយន្ដនោះលោកបានរៀបចំតជាប្រព័ន្ធភ្លោះផងដែរ ដោយប្រើប្រាស់ប្រព័ន្ធអាគុយមួយថែមទៀត។
លោក គង់ ផារិទ្ធ បានបញ្ជាក់ថា ៖ «អ៊ីចឹងប្រព័ន្ធឡានហ្នឹងវា Hybrid វាប្រព័ន្ធភ្លោះ យើងមិនមែនប្រើតែសូឡារសុទ្ធទេ យើងមានកន្លែងដោតភ្លើងសាកអាគុយវា គឺយើងនៅតែប្រើបានដដែល។ ហើយទៅថ្ងៃមុខយើងចង់ធ្វើបំពាក់កូនម៉ាស៊ីនមួយតូចនៅក្នុងហ្នុងមួយទៀត។ ពេលណាដែលយើងរត់ទៅឆ្ងាយ យើងអាចបញ្ឆេះកូនម៉ាស៊ីនតូចមួយដើម្បីឲ្យវាជួយជាមួយពន្លឺថ្ងៃ បូកចូលគ្នាអាចជំរុញឲ្យចលនាហ្នឹងអាចទៅមុខ។ ប្រព័ន្ធស្អីៗយើងធ្វើឲ្យមាននៅក្នុងស្រុកខ្មែរយើងតែម្ដង អាចថាថ្ងៃក្រោយខូចកៅស៊ូ ខូចកន្លែងណាមួយ គឺថាយើងទៅទិញពីផ្សារមកដោះដូរបានដូចគ្នា»។
លោក គង់ ផារិទ្ធ បានឲ្យដឹងផងដែរថា សម្រាប់រថយន្ដប្រើដោយថាមពលព្រះអាទិត្យដែលលោកបានធ្វើការច្នៃប្រឌិតក្នុងការសាកល្បងជាលើកដំបូងនេះ គឺបានចំណាយថវិការអស់ប្រមាណជាង៣០០០ដុល្លារ ដែលលោកគិតថាជាការចំណាយច្រើន ពីព្រោះវត្ថុដែលយកមកផ្សំដំឡើងនោះគឺមានតម្លៃថ្លៃពេក ជាពិសេសគឺកញ្ចក់ស្រូបពន្លឺព្រះអាទិត្យចំនួនបីដែលបំពាក់ពីលើរថយន្ដ ដែលក្នុងមួយបន្ទះមានខ្នាតចំនួន១៣០វ៉ាត់ ថ្លៃជិត៧០០ដុល្លារ ហើយនិងបន្ទះកញ្ចក់តូចមួយទៀតខ្នាត២០វ៉ាត់ ថ្លៃ១០០ដុល្លារ។
លោកបានបញ្ជាក់ទៀតថា ៖ «ខ្លះរបស់ដែលយើងទិញយកមកធ្វើហ្នឹង ដូចជាភាសាបច្ចេកទេស គេហៅថា ប៉ែតត្រង់ស៊ីស្ទ័រ ប៉ែតត្រង់ស៊ីស្ទ័រហ្នឹងគឺជាឧបករណ៍ស៊ីមីកុងឌុចទ័រតូចៗមួយចំនួនដែលយើងយកមកដើម្បីដំឡើងវាបញ្ជាម៉ូទ័រយឺតលឿន។ អ៊ីចឹងការដែលយើងធ្វើដំបូងវាឆេះ ខូចខាត សាកអាផ្សេងទៅអត់កើត ដោះអាហ្នឹងចេញ ដាក់ថ្មីទៀត ច្រើនលើកច្រើនសា ប៉ុន្តែទីចុងបំផុតខ្ញុំបានជោគជ័យ ខ្ញុំរកឃើញចំណុចណាដែលដាក់ប្រើទៅបានជោគជ័យ»។
ទាក់ទងនឹងការច្នៃប្រឌិតយានយន្ដប្រើថាមពលពន្លឺព្រះអាទិត្យនេះ លោក ង៉ែត វិបុល ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងឧស្សាហកម្ម រ៉ែនិងថាមពល បានមានប្រសាសន៍ថា លោកបានជ្រាបផងដែរពីបញ្ហានេះ ហើយបានចូលរួមលើកទឹកចិត្តដល់អ្នកចេះច្នៃប្រឌិតនោះ។
លោកបានបន្តថា លោកគ្រាន់តែបានដឹង ប៉ុន្តែមិនទាន់បានឃើញម្ចាស់កម្មសិទ្ធិយានយន្ដនោះមកដាក់លិខិតសុំការពារកម្មសិទ្ធិបញ្ញារបស់គេនៅឡើយទេ។
លោក ង៉ែត វិបុល បានថ្លែងថា ៖ «គាត់បានផ្សព្វផ្សាយយើងដឹងអស់ហើយ ប៉ុន្តែគ្រាន់តែថា គាត់ត្រូវសុំ ច្បាប់កម្មសិទ្ធិបញ្ញាក៏ជាច្បាប់ឯកជន អ៊ីចឹងយើងទុកឲ្យសិទ្ធិអ្នកផលិតករសម្រេចខ្លួនឯង យើងអត់បង្ខំទេៗ គ្រាន់តែថាបច្ចេកទេសផ្សេងៗហ្នឹងខាងជំនាញមួយទៀត»។
លោក គង់ ផារិទ្ធ ប្រធានអង្គការអ្នកកសាងសមត្ថភាព ដែលច្នៃប្រឌិតយានយន្ដប្រើដោយថាមពលពន្លឺព្រះអាទិត្យ បានប្រាប់ឲ្យដឹងដែរថា លោកនៅមិនទាន់បានទៅសុំចុះឈ្មោះសុំការពារកម្មសិទ្ធិបញ្ញាអំពីយានយន្ដនេះនៅឡើយទេ ពីព្រោះទើបតែបានស្រាវជ្រាវនិងដំឡើងចប់ថ្មីៗ។
លោកបានបន្ថែមទៀតថា លោកនឹងទៅធ្វើការចុះឈ្មោះបន្ទាប់ពីយកទៅឲ្យក្រសួងសាធារណការធ្វើការពិនិត្យបច្ចេកទេសរថយន្ដនេះចប់សព្វគ្រប់នៅពេលខាងមុខនោះ។
គួរជម្រាបជូនដែរថា ក្រៅពីមានភាពច្នៃប្រឌិតក្នុងការបង្កើតជារថយន្ដប្រើដោយថាមពលពន្លឺព្រះអាទិត្យ លោក គង់ ផារិទ្ធ កន្លងមកក៏ធ្លាប់បានធ្វើការច្នៃប្រឌិតកង់សម្រាប់ជិះប្រើប្រាស់ដោយពន្លឺព្រះអាទិត្យផងដែរ ប៉ុន្តែដោយពុំមានថវិកាគ្រប់គ្រាន់ហើយមិនសូវទាន់មានអតិថិជនគេបានដឹងនិងចាប់អារម្មណ៍ច្រើននោះ រហូតមកដល់ពេលនេះគឺលោកបានដំឡើងកង់ដោយពន្លឺព្រះអាទិត្យនោះបានចំនួន៤គ្រឿងប៉ុណ្ណោះ។
លោក គង់ ផារិទ្ធ បានប្រាប់ឲ្យដឹងផងដែរថា កាលពីពេលថ្មីៗនេះមានការបញ្ជាទិញកង់ប្រើដោយពន្លឺព្រះអាទិត្យខ្លះៗពីខាងក្រៅស្រុកដូចជាប្រទេសបារាំងជាដើម។
លោក គង់ ផារិទ្ធ បានបញ្ជាក់ថា ៖ «មិនហ៊ានធ្វើអីច្រើននៅឡើយទេ ដោយសារតែកង់ពន្លឺថ្ងៃវាមានតម្លៃថ្លៃដល់៣០០-៤០០(ដុល្លារ)ជាងឯណោះ។ យើងខំធ្វើឲ្យថោក ថោកអត់កើត បើសិនជាថោករបស់ហ្នឹងអត់គុណភាព កង់ដែកអីវាធ្ងន់ អ៊ីចឹងយើងត្រូវធ្វើឲ្យស្រាល។ ដូចឡានពន្លឺថ្ងៃខ្ញុំហ្នឹង ខ្ញុំក៏ចង់ធ្វើឲ្យស្រាលដែរ បើយើងធ្វើបានកាន់តែស្រាលឡានកាន់តែល្អ»។
លោកបានឲ្យដឹងទៀតថា ក្រៅពីខិតខំបង្កើនគំនិតកែច្នៃដោយខ្លួនឯងគឺលោកបានបើកវគ្គបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋផ្សេងៗទៀតដែរ ដោយយកក្នុងតម្លៃ២ខែចំនួន២០០ដុល្លារ ហើយក្រៅពីនេះគឺលោកបានធ្វើការបង្ហាត់បង្រៀនដល់អ្នកក្រីក្រមកពីបណ្ដាខេត្តនានាដោយមិនគិតថ្លៃទេ ហើយសព្វថ្ងៃនេះមានចំនួនសិស្សសារុបកំពុងហាត់រៀនចំនួនជាង១០នាក់៕